<! – ->

អាមេរិក៖ មន្រ្តីសហព័ន្ធបានប្រកាសនៅថ្ងៃពុធនេះថាសត្វឆ្មាចំនួន ២ ក្បាលនៅញូវយ៉កបានឆ្លងវីរុសឆ្លងកូវីដ-១៩ ដែលនេះគឺជាករណីដំបូងនៃវីរុសឆ្លងកូវីដ-១៩ ត្រូវបានរកឃើញកើតមានលើសត្វចិញ្ចឹម ។ សត្វឆ្មាទាំង ២ ក្បាលដំបូងឡើយគឺមានរោគសញ្ញាផ្លូវដង្ហើមស្រាលហើយគេរំពឹងថាពួកវានឹងជាសះស្បើយឡើងវិញ ។ នេះបើតាមការចុះផ្សាយរបស់ CNN ថ្ងៃទី ២៣ មេសាឆ្នាំ២០២០ ។
ក្រសួងកសិកម្មសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកថា «ទាំងនេះគឺជាសត្វចិញ្ចឹមដំបូងគេនៅសហរដ្ឋអាមេរិកដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ »។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារទាំងនោះបានសង្កត់ធ្ងន់ថាពុំមានភស្តុតាងណាមួយដែលអាចបញ្ជាក់ថាសត្វចិញ្ចឹមដើរតួក្នុងការចម្លង ឬការរីករាលដាលមេរោគឆ្លងនៅក្នុងសហរដ្ឋអាមេរិកទេ។ 

ពួកគេបាននិយាយថា «មិនមានយុត្តិកម្មត្រឹមត្រូវក្នុងការចាត់វិធានការប្រឆាំងនឹងសត្វចិញ្ចឹមដែលជាដៃគូស្ម័គ្រស្មោះរបស់យើង ដែលការណ៍នោះអាចធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ពួកគេ»  ។ យោងតាមភ្នាក់ងារបានអោយដឹងថាសត្វឆ្មាទាំង ២ ក្បាលត្រូវបានគេធ្វើតេស្ត៍បន្ទាប់ពីពួកគេបានបង្ហាញរោគសញ្ញានៃការពិបាកដកដង្ហើម។

នៅពេលសួរអំពីសត្វឆ្មាដែលត្រូវបានរកឃើញថាកើតវីរុសកូវីដ-១៩ កាលពីថ្ងៃពុធ លោកបណ្ឌិត Anthony Fauci បាននិយាយថា «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលពួកគេអាចឆ្លងជំងឺនេះ» ។ ប៉ុន្តែលោក Fauci អ្នកឯកទេសខាងជំងឺឆ្លងកំពូលរបស់ប្រទេសអាមេរិកបានសង្កត់ធ្ងន់ថា «មិនមានភស្តុតាងអ្វីទាំងអស់ដែលយើងបានឃើញថាសត្វចិញ្ចឹមអាចជាអ្នកចម្លងមេរោគបាននៅក្នុងគ្រួសារ» ។


ខណៈពេលដែលមន្រ្តីកំពុងសិក្សាបន្ថែមអំពីជំងឺឆ្លងនិងសត្វចិញ្ចឹម CDC កំពុងណែនាំថាប្រជាជនកំណត់អន្តរកម្មរវាងសត្វចិញ្ចឹមនិងមនុស្សឬសត្វនៅខាងក្រៅគ្រួសារ។
CDC បាននិយាយថាសត្វឆ្មាគួរតែត្រូវបានរក្សាទុកក្នុងផ្ទះ ហើយសត្វឆ្កែគួរតែត្រូវបានដើរលើចិញ្ចើមផ្លូវបានដោយរក្សាចម្ងាយយ៉ាងតិចប្រាំមួយហ្វីតពីមនុស្សនិងសត្វដទៃទៀត ៕